ការអនុវត្តការនិយាយភាសាអង់គ្លេសគឺជាផ្នែកមួយដ៏សប្បាយរីករាយបំផុតចំពោះអ្នករៀនភាសាអង់គ្លេស។
នៅពេលណាដែលអ្នកចាប់ផ្តើមចេះនិយាយភាសាអង់គ្លេសបានតិចតួចភ្លាម
វិធីជាច្រើនដើម្បីពង្រឹងជំនាញនិយាយនឹងហូរមកដោយឯកឯង។ ខាងក្រោមនេះគឺជាគន្លឹះសំខាន់ៗចំនួន
១០ សម្រាប់ជួយឱ្យអ្នកពង្រឹងការនិយាយភាសាអង់គ្លេស
និងអាចរក្សាភាពរីករាយថែមទៀតផងខណៈកំពុងអនុវត្តតាម៖
១. និយាយ, និយាយ, និយាយ! កុំខ្លាចខុស
ត្រូវនិយាយអង់គ្លេសរាល់ថ្ងៃទៅកាន់មិត្តភក្តិឱ្យបានច្រើន
ឬនរណាក៏បានតាមលទ្ធភាពដែលអាចធ្វើទៅបាន។ កុំខ្មាសអៀន។ កុំខ្លាចកំហុស។
ការដែលកាន់តែអនុវត្ត អ្នកនឹងកាន់តែមានទំនុកចិត្ត។
ជាពិសេសកុំបារម្ភអំពីការបញ្ចេញសំឡេង
ព្រោះអ្នកអាចកាច់តុងបានតាមក្រោយទេ នៅពេលនិយាយបានស្ទាត់ជំនាញ។
២. ប្រើបច្ចេកវិជ្ជា
ស្មាតហ្វូនអាចជាឧបករណ៍ដ៏មានប្រសិទ្ធភាពសម្រាប់រៀនភាសា។
ប្រើវាដើម្បីថតសំឡេងខ្លួនឯងរួចចាក់ស្តាប់ឡើងវិញថាតើសំឡេងភាសាអង់គ្លេសរបស់អ្នកទៅកាន់អ្នកដទៃវាយ៉ាងម៉េចខ្លះ។
ក្រៅពីនេះអ្នកអាចស្វែងរក App ល្អៗជាច្រើនសម្រាប់យកមកអនុវត្តតាមផងដែរ
ដូចជាកម្មវិធី NaturalEnglish ជាដើម។
៣. ស្តាប់
ត្រូវស្តាប់ព័ត៌មាននិងចម្រៀងជាភាសាអង់គ្លេស
ដើម្បីស្តាប់ឱ្យស្គាល់ការប្រកបពាក្យនីមួយៗ។ តាមវិធីនេះ
អ្នកក៏អាចរៀនពាក្យ និងឃ្លាថ្មីៗផងដែរ។ កាន់តែស្តាប់ កាន់តែចេះ!
ព្យាយាមនិយាយតាមអ្វីដែលអ្នកបានស្តាប់
និងរៀនស្តាប់ពីរបៀបសង្កត់សំឡេងរបស់ពាក្យនីមួយៗ។
៤. អានឱ្យឮៗ
អានទស្សនាវដ្តីឬកាសែតជាភាសាអង់គ្លេសឱ្យឮៗសម្រាប់ស្តាប់ខ្លួនឯង។
អ្នកក៏អាចជ្រើសយកសម្រង់អត្ថបទចេញពីកម្មវិធីទូរទស្សន៍ដែលពេញចិត្តយកមកអានក៏បាន!
នេះគឺជាវិធីអស្ចារ្យបំផុតដើម្បីអនុវត្តការប្រកប
ព្រោះអ្នកត្រូវការផ្តោតតែលើរបៀបបញ្ចេញសំឡេងឱ្យអស្ចារ្យតែប៉ុណ្ណោះ
ដូច្នេះសូមកុំបារម្ភអំពីសំណង់ប្រយោគ ឬវេយ្យាករណ៍ឱ្យសោះ។
៥.
រៀនពាក្យថ្មីៗរៀងរាល់ថ្ងៃ
ជ្រើសរើសពាក្យដែលយល់ថាល្អ
ហើយយកវាមកអនុវត្តក្នុងប្រយោគខុសៗគ្នាឱ្យបានច្រើន។
ប្រើពាក្យនេះរហូតទាល់តែចេះស្ទាត់ សឹមបន្តស្វែងរកពាក្យថ្មីបន្ទាប់ទៀត។
៦.
មើលភាពយន្តជាភាសាអង់គ្លេស
សូមទស្សនាភាពយន្តជាភាសាអង់គ្លេស
និងយកចិត្តទុកដាក់លើពាក្យថ្មីៗ និងការប្រកប។
ធ្វើត្រាប់តាមតួអង្គក្នុងរឿង
រួចនិយាយតាមនឹងពិតជាធ្វើឱ្យអ្នករីករាយនឹងការរៀនអង់គ្លេសជាក់ជាពុំខាន។
៧. បង្កើតមិត្ត
បង្កើតមិត្តជាមួយមនុស្សដែលចេះនិយាយភាសាអង់គ្លេស
ឬអ្នកដែលកំពុងរៀននិយាយភាសាអង់គ្លេស។ និយាយពីអ្វីដែលអ្នកបានរៀន
និងផ្លាស់ប្តូរគំនិតគ្នាទៅវិញទៅមក។
៨.
ធ្វើសកម្មភាពដែលចាប់អារម្មណ៍ជាភាសាអង់គ្លេស
រៀនធ្វើម្ហូបជាភាសាអង់គ្លេស
ឬចូលរួមក្លឹបអានសៀវភៅអង់គ្លេស
(បើអត់មានអ្នកអាចកេណ្ឌគ្នីគ្នាបង្កើតវាឡើងក៏បាន)!
ត្រូវប្រាកដថារាល់សកម្មភាពដែលធ្វើគឺត្រូវនិយាយជាភាសាអង់គ្លេសទាំងអស់។
ការនិយាយអង់គ្លេសអំពីរឿងរ៉ាវនានាដែលអ្នកចូលចិត្តនឹងធ្វើឱ្យការនិយាយកាន់តែឆាប់ស្ទាត់ជំនាញ។
៩. តស៊ូមតិ
ត្រូវតស៊ូមតិគ្រប់ប្រធានបទដែលអារម្មណ៍ជាមួយមិត្តភក្តិ
ជាភាសាអង់គ្លេស។ ព្យាយាមប្រើពាក្យដែលចេះទាំងអំបាលម៉ានតាមលទ្ធភាពដែលមាន
ដើម្បីលើកឡើងពីចំណុចដែលខ្លួនអ្នកកំពុងតស៊ូមតិ
ដូច្នេះទើបអ្នកអាចការពារប្រធានបទរបស់អ្នកដោយមានប្រសិទ្ធភាព។
១០.
ប្រើវចនានុក្រមអនឡាញឬអេឡិចត្រូនិច
វចនានុក្រមអនឡាញភាគច្រើនមានឧទាហរណ៍ជាសំឡេង
ដូច្នេះអ្នកនឹងអាចឆែកមើលការប្រកប។ ក្រៅពីនេះក៏មានកម្មវិធីវចនានុក្រមអស្ចារ្យជាច្រើននៅលើទូរស័ព្ទផងដែរ។
អ្នកអាចរកបានគ្រប់ប្រភេទវចនានុក្រមទាំងអស់ដែលអ្នកត្រូវការ។
តែត្រូវធ្វើឱ្យប្រាកដថា អ្នកនឹងមិនពឹងផ្អែកខ្លាំងទៅលើឧបករណ៍ទាំងនេះទេ៕
ប្រភព: khmeread

No comments:
Post a Comment