ភាសាវិទ្យាអនុវត្ត
មេរៀនទី វាក្យសព្ទ
(Vocabulary)
ប្រធានបទ
តើអ្នកគួររៀនពាក្យដោយវិធីណា?
សាស្រ្តាចារ្យបណ្ឌិត អ៊ុក ឌីវ៉ង់
និស្សិត សួន សុធារ៉ា
ឆ្នាំសិក្សា ២០១២-២០១៣
តើអ្នកគួររៀនពាក្យដោយវិធីណា?
១ អ្វីទៅជាពាក្យ?
ពាក្យគឺអី្វទាំងអស់ដែលគេចេះនិងយកមកប្រើក្នុងភាសា។ ការសិក្សាពាក្យចែកជាពីរកម្រិតគឺកម្រិតខ្ពស់(High-Frequency)និងកម្រិតទាប (Low-Frequency)។ ពាក្យកម្រិតខ្ពស់មានន័យថាពាក្យចំបាច់ ព្រោះគេប្រើច្រើនក្នុងសង្គម ហើយយើងលឺ និងឃើញរាល់ថ្ងៃដែលធ្វើឲ្យយើងឆាប់ចេះចាំបានល្អ។ សម្រាប់ប្រព័ន្ធអប់រំនៅកម្ពុជាគេដាក់បញ្ចូលវានៅក្នុងថ្នាក់ទាបបំផុតគឺថ្នាក់ទី១ស្របពេលដែលប្រព័ន្ធអប់រំនៃប្រទេស
ភាគច្រើនប្រើប្រាស់ពាក្យកម្រិតខ្ពស់សម្រាប់ថា្នក់វិទ្យាល័យនិងឧត្តមសិក្សា។ ការបង្រៀនរបៀបនេះគឺធ្វើឱ្យការសិក្សារបស់សិស្សកម្រិតបឋមពិបាកក្នុងការចាប់បាននូវពាក្យដែលគេកំពុងរៀនក្នុងកម្រិតរបស់គេ។ចំពោះពាក្យកម្រិតទាបវិញ គឺប្រទេសកម្ពុជាបង្រៀនដល់សិស្សរបស់ខ្លួនផ្ទុយពីប្រទេសដទៃ ដោយការយកពាក្យកម្រិតទាបទៅបង្រៀនសម្រាប់ថ្នាក់វិទ្យាល័យនិងឧត្តមសិក្សាទៅវិញ។
ភាគច្រើនប្រើប្រាស់ពាក្យកម្រិតខ្ពស់សម្រាប់ថា្នក់វិទ្យាល័យនិងឧត្តមសិក្សា។ ការបង្រៀនរបៀបនេះគឺធ្វើឱ្យការសិក្សារបស់សិស្សកម្រិតបឋមពិបាកក្នុងការចាប់បាននូវពាក្យដែលគេកំពុងរៀនក្នុងកម្រិតរបស់គេ។ចំពោះពាក្យកម្រិតទាបវិញ គឺប្រទេសកម្ពុជាបង្រៀនដល់សិស្សរបស់ខ្លួនផ្ទុយពីប្រទេសដទៃ ដោយការយកពាក្យកម្រិតទាបទៅបង្រៀនសម្រាប់ថ្នាក់វិទ្យាល័យនិងឧត្តមសិក្សាទៅវិញ។
២ ហេតុអ្វីបានជាយើងត្រូវរៀនពាក្យ?
ការសិក្សាពាក្យគឺក្នុងគោលបំណងឲ្យយើងយល់ពីអី្វដែលអ្នកដទៃទាក់ទងមកកាន់យើងក៏ដូចជាឲ្យអ្នកដទៃយល់អំពីទំនាក់ទំនងរបស់យើង ទៅកាន់គេវិញផងដែរ។
ម៉្យាងវិញទៀតសិស្សជាញឹកញាប់តែងតែខ្ជិល នៅពេលដែលពួកគេចាប់ផ្តើមការសិក្សាពាក្យថ្មីៗពីមេរៀនរបស់ពួកគេ ព្រោះថាការរៀនពាក្យថ្មីនេះគឺទាមទារឲ្យពួកគេហ្វឹកហាត់អានឲ្យបានច្រើន តែប្រការនេះនាំឲ្យអ្នកសិក្សាពាក្យថ្មីពីភាសាដែលគេរៀននោះ ពិបាកថាឬអាននូវសូរពាក្យថ្មីដែលខុសពីភាសាកំណើតរបស់គេណាស់។
មកដល់ត្រង់ចំនុចនេះសំណួរសួរថា ហេតុអ្វីបានជាអ្នកគួររៀនពាក្យ បើសូម្បីតែអ្នកមិនមានទំនុកចិត្តអានឈ្មោះរបស់ខ្លួនផងនោះ? ជាទូទៅគឺយើងរៀនវាដើម្បីធ្វើឲ្យការទាក់ទងរបស់យើងបានល្អ។
ការរៀនពាក្យថ្មីគឺមិនមែនជាការធ្វើឲ្យមានភាពលំបាកយល់ដល់អ្នកសិក្សាទេ ប៉ុន្តែសម្រាប់ធ្វើឲ្យអ្នកសិក្សាអាចមានលទ្ធភាព បង្ហាញពីខ្លួនឯងឲ្យកាន់តែច្បាស់បន្ថែមទៀតក្នុងពេលជួបសន្ទនាជាមួយអ្នកដទៃ។ យើងត្រូវចាំថា នៅពេលដែលយើងអាចចាំពាក្យបានកាន់តែច្រើននោះមានន័យថា យើងកាន់តែអាចធ្វើការសន្ទនាបានកាន់តែមានប្រសិទ្ធិភាព។
បើតាម ប្រសាសន៍របស់ លោក PHILIP K. DICK (www.lingualift.com)បានពោលថា បើអ្នកចង់ធ្វើឲ្យការសន្ទនារបស់អ្នកមានភាពប្រាកដប្រជា អ្នកត្រូវចេះរៀបពាក្យរបស់អ្នកឲ្យបានត្រឹមត្រូវដែរ ហើយបើកាលណាអ្នកអាចគ្រប់គ្រងពាក្យរបស់អ្នកបានហើយ គឺមានន័យថា អ្នកក៏អាចគ្រប់គ្រងការសន្ទនារបស់អ្នកជាមួយដៃគូរបានដែរ។
លើសពីនេះទៅទៀត ការដែលចេះវាក្យសព្ទបានច្រើន គឺជាភាពអនុគ្រោះមួយជួយឲ្យអ្នកមានឱកាសកាន់តែប្រសើរឡើងក្នុងការស្វែងយល់ពីពិភពលោក ដែលនៅជុំវិញអ្នកនិង ដើម្បីឲ្យអ្នកអាចដឹកបានកាន់តែល្អក្នុងការជ្រើសរើសពាក្យមកប្រើក្នុងបរិបទដែលអ្នកកំពុងចរចាបានយ៉ាងល្អទៀតផង។ បើយោងទៅលើលទ្ធផលជាក់ស្ដែងមួយដែលសិក្សាដោយអ្នកសិក្សាស្រាវជ្រាវនិងអប់រំដ៏ល្បីរបស់សហរដ្ឋអាមេរិចគឺលោក Johnson O'Connor (www.lingualift.com)បានរកឃើញថាកម្រិតវាក្យសព្ទរបស់មនុស្សគឺជាការទស្សន៍ទាយ តែមួយដ៏ល្អបំផុតក្នុងការទទួលបានភាពជោគជ័យលើអាជីពការងារទាំងនៅក្នុងតំបន់ក៏ដូចជាក្នុងពិភពលោក។
អាស្រ័យហេតុនេះហើយទើបយើងត្រូវសិក្សាពាក្យនៅក្នុងភាសាដែលយើងរៀន។
៣ តើយើងត្រូវរៀនពាក្យតាមវិធីណាខ្លះ?
ការសិក្សាពាក្យផ្តោតសំខាន់ទៅលើវិធីពីរយ៉ាងគឺវីធីទីមួយការដាក់បញ្ចូល(Input) ដែលយើងត្រូវស្តាប់និងអាន និងវីធីទីពីរគឺការបញ្ចេញ(Output)ដែលយើងត្រូវនិយាយនិងសរសេរ។
ការសិក្សាតាមវិធីទីមួយ គឺផ្តល់ភាពងាយស្រួលជាងសម្រាប់ជនជាតិដើមដែលសិក្សាទៅលើពាក្យ
( Nagy, Herman and Anderson, 1985)។ ចំណែកឯអ្នកសិក្សាដែលមិនមែនជាជនជាតិដើមវិញ គឺមានចំនុចសំខាន់បីដែលគេត្រូវប្រឈម ទីមួយ ចំពោះពាក្យដែលមិនសូវធ្លាប់ជួបគួរតែលើកយកមកសិក្សាតិចតួចបានហើយ គឺអាចថាពីរភាគរយនៃពាក្យដទៃ (Hu and Nation, 2000)។ ទីពីរ គឺត្រូវទាមទារឲ្យអ្នកសិក្សាបញ្ជូលនូវការស្តាប់និងការអានឲ្យបានច្រើន យ៉ាងហោចណាស់ក្នុងមួយឆ្នាំឲ្យបានមួយលាន token ឬក៏លើសពីនេះ ទើបជាការប្រសើរ។ ទីបី ការសិក្សាពាក្យគួរតែពង្រឹងឲ្យបានកាន់តែច្រើន ប្រសិនបើមានពាក្យដែលយើងមិនចេះនោះច្រើន ហើយដែលតែងតែលេចឡើងនៅក្នុងអត្ថបទដែលយើងសិក្សា។ ការធ្វើបែបនេះ គឺទាមទារឲ្យយើងប្រើប្រាស់វចនានុក្រម និងគូសចំណាំលើពាក្យណាដែលយើងចង់រៀន (Watanabe, 1997)។ លើសពីនេះទៅទៀត ដើម្បីរៀនពាក្យឲ្យបានកាន់តែប្រសើរ លោក Nation និង Wang ក្នុងស្នាដៃដែលចងក្រងមួយ បានលើកឡើងថា ចំពោះអ្នករៀននូវភាសាទីពីរ គួរតែអានសៀវភៅណាដែលមានពាក្យចាប់ពីប្រាំពាន់ឡើងទៅ ដែលក្នុងសៀវភៅនោះមានបញ្ជូនក្រុមពាក្យ ឬសណ្តានពាក្យ ចាប់ពីបីរយទៅប្រាំរយពាក្យ ទើបជួយឲ្យអ្នកសិក្សានោះអាចសាំ នឹងពាក្យដែលគេគួរចេះ។
( Nagy, Herman and Anderson, 1985)។ ចំណែកឯអ្នកសិក្សាដែលមិនមែនជាជនជាតិដើមវិញ គឺមានចំនុចសំខាន់បីដែលគេត្រូវប្រឈម ទីមួយ ចំពោះពាក្យដែលមិនសូវធ្លាប់ជួបគួរតែលើកយកមកសិក្សាតិចតួចបានហើយ គឺអាចថាពីរភាគរយនៃពាក្យដទៃ (Hu and Nation, 2000)។ ទីពីរ គឺត្រូវទាមទារឲ្យអ្នកសិក្សាបញ្ជូលនូវការស្តាប់និងការអានឲ្យបានច្រើន យ៉ាងហោចណាស់ក្នុងមួយឆ្នាំឲ្យបានមួយលាន token ឬក៏លើសពីនេះ ទើបជាការប្រសើរ។ ទីបី ការសិក្សាពាក្យគួរតែពង្រឹងឲ្យបានកាន់តែច្រើន ប្រសិនបើមានពាក្យដែលយើងមិនចេះនោះច្រើន ហើយដែលតែងតែលេចឡើងនៅក្នុងអត្ថបទដែលយើងសិក្សា។ ការធ្វើបែបនេះ គឺទាមទារឲ្យយើងប្រើប្រាស់វចនានុក្រម និងគូសចំណាំលើពាក្យណាដែលយើងចង់រៀន (Watanabe, 1997)។ លើសពីនេះទៅទៀត ដើម្បីរៀនពាក្យឲ្យបានកាន់តែប្រសើរ លោក Nation និង Wang ក្នុងស្នាដៃដែលចងក្រងមួយ បានលើកឡើងថា ចំពោះអ្នករៀននូវភាសាទីពីរ គួរតែអានសៀវភៅណាដែលមានពាក្យចាប់ពីប្រាំពាន់ឡើងទៅ ដែលក្នុងសៀវភៅនោះមានបញ្ជូនក្រុមពាក្យ ឬសណ្តានពាក្យ ចាប់ពីបីរយទៅប្រាំរយពាក្យ ទើបជួយឲ្យអ្នកសិក្សានោះអាចសាំ នឹងពាក្យដែលគេគួរចេះ។
ក្រៅពីនេះការស្តាប់ក៏ជាប្រការសំខាន់មួយដែរ សម្រាប់អ្នកដែលសិក្សាពាក្យ គឺគេត្រូវ ហាត់ស្តាប់នូវអត្ថបទរឿងមួយឲ្យបានច្រើនដង ដើម្បីបន្សាំខ្លួនទៅនឹងសូរពាក្យដែលខ្លួនបានលឺចេញពីរឿងដែលខ្លួនស្តាប់ ប៉ុន្តែគេក៏គួរមានជំនួយពីគ្រូឬមិត្តភក្តិរបស់គេផងដែរ(Elley,1989)។
ការសិក្សាតាមវីធីទីពីរគឺ Output ដែលយើងត្រូវនិយាយនិងសរសេរ។ ការធ្វើបែបនេះគឺជាការប្រសើរក្នុងការទទួលចំនេះដឹង ទៅក្នុងការសិក្សាពាក្យរបស់យើង ហើយការធ្វើបែបនេះអាចធ្វើឲ្យអ្នកសិក្សាទទួលយកវាបានតាមមធ្យោបាយមួយចំនួនដូចជា៖
ទីមួយ ត្រូវបង្កើតនូវសកម្មភាព ដោយប្រើប្រាស់ក្រដាសដែលមានរូបភាពពន្យល់ ឬក្រដាសដែលមានសរសេរនូវនិយមន័យនៃពាក្យទាំងឡាយដែលអ្នករៀន ហើយការអនុវត្តនេះ នឹងជួយឲ្យអ្នកសិក្សាប្រើប្រាស់ពាក្យបានល្អ។
ទីពីរ បង្កើតសកម្មភាពនិយាយ នូវពាក្យដែលអ្នកសិក្សាបានរៀន ដោយការផ្តល់ឱកាសឲ្យពួកគេសាកល្បងប្រើប្រាស់ពាក្យថ្មីនោះ ជាមួយនឹងដៃគូរបស់គេការធ្វើបែបនេះគឺតែងតែទទួលបាននូវលទ្ធផលល្អក្នុងការរៀនពាក្យថ្មី (Newton,1995)។
ទីបី ប្រការដែលរៀនពាក្យវាហាក់បីដូចជាដំណើរនៃការសន្សំម្តងបន្តិចៗ ដូច្នេះការប្រើប្រាស់នូវពាក្យដែលអ្នកសិក្សាចេះ ក្នុងការសរសេរឬនិយាយ អាចជួយពង្រឹង និងធ្វើឲ្យអ្នកសិក្សាទទួលការចេះចាំនូវពាក្យ ផងដែរ។
តាមរយៈការពន្យល់និងរាប់រៀបពីខាងដើមមកនេះ យើងឃើញថា គឺមិនមានមូលដ្ឋានច្បាស់ណាមួយអាចអះអាងពីរបៀបនៃការរៀនពាក្យឲ្យចេះចាំ ដោយគ្មានការចូលផ្សំពីវិធីសាស្រ្តផ្សេងៗនោះទេ ប៉ុន្តែការសរសេរនូវពាក្យដែលខ្លួនបានរៀនចូលទៅក្នុងអត្ថបទជាចំណែកមួយល្អសម្រាប់ការរៀនពាក្យមិនខុសពីការអាននូវពាក្យនោះប៉ុន្មានទេ។ ប៉ុន្តែសរុបមក យើងអាចរៀនពាក្យបានតាមកត្តាសំខាន់បីយ៉ាងគឺ ការរៀនដោយខ្លួនឯង ការរៀនពីសាលា និងការរៀនពីមជ្ឈដ្ឋានជុំវិញ។ ម៉្យាងវិញទៀតការអាន យើងគួរអានអត្ថបទណាដែលមានពាក្យ ដែលយើងមិនចេះតិច ទើបជាការប្រសើរ និងប្រតិបត្តិតាមទ្រឹស្តី I+1 ដែលមានន័យថា រៀនអ្វីដែលខ្ពស់ជាងកម្រិតដែលយើងរៀនបន្តិច ក៏ជាកក្តាជួយឲ្យឆាប់ចាប់បាននូវពាក្យនោះដែរ។
៤ ដើម្បីចេះនិងយល់ពាក្យបានត្រឹមត្រូវ តើត្រូវអនុវត្តវិធីសាស្រ្តដូចម្តេចខ្លះ?
តាមរយៈការសិក្សាប្រៀបធៀបទៅលើរបៀបសិក្សាពាក្យ ដោយចៃដន្យ និងការសិក្សាពាក្យដោយជាក់លាក់នោះ បានបង្ហាញថាការសិក្សាតាមរបៀបបង្រៀនជាក់លាក់គឺមានប្រសិទ្ធិភាពជាង។ ប៉ុន្តែការបង្ហាញនេះមិនសូវជាទទួលបានការចាប់អារម្មណ៍ទេ ព្រោះគេតែងដឹងថាការសិក្សាដោយត្រឹមត្រូវរមែងតែងផ្តល់ផលល្អជាងការសិក្សាដោយឥតព្រៀងទុកនោះ ហើយ (Schmidt,1995)។ ម៉្យាងវិញទៀតការសិក្សាដោយមានវិធីត្រឹមត្រូវគឺ មានភាពស៊ីជម្រៅជាង និងផ្តល់នូវវត្ថុបំណងច្បាស់ជាងការសិក្សាដោយចៃដន្យនេះ។ មានការសិក្សាជាយូរយាណាស់មកហើយ ស្តីអំពីការសិក្សាពាក្យឲ្យមានលក្ខណៈប្រាកដប្រជា ហើយជាលទ្ធផលបានផ្តល់មកនូវទម្រង់នៃការសិក្សាពាក្យដ៏មានប្រយោជន៍មួយក្នុងការរៀនពាក្យ (Nation,2001)។ ចំពោះទម្រង់ដែលអ្នកសិក្សាបានរកឃើញនោះយើងនឹងបង្ហាញដូចខាងក្រោម។
ទី១ រំលឹកប្រសើរជាងចំណាំ គឺយើងត្រូវសរសេរពាក្យដែលយើងរៀននៅលើផ្នែកមួយ នៃក្រដាសតូចមួយ ហើយត្រូវសរសេរនិយមន័យរបស់វានៅលើផ្នែកម្ខាងទៀតនៃក្រដាសនោះ។ ការធ្វើបែបនេះគឺជាការជួយឲ្យខួរក្បាលរបស់យើងធ្វើការរំលឹកដល់ពាក្យ ដែលបានរៀនបន្ទាប់ពីបានឃើញនូវគ្រាដំបូង។ ការរំលឹករកម្តងៗគឺអាចជួយពង្រឹងទំនាក់ទំនងរវាទម្រង់នៃពាក្យទៅនឹងន័យរបស់វា (Baddeley,1990) ហើយការដែលយើងឃើញទាំងពាក្យនិងពាក្យនិយមន័យនៅផ្នែកតែមួយគឺមិនសូវមានប្រសិទ្ធិភាពទេ។
ទី២ ប្រើប្រាស់ក្រដាសដែលមានទំហំសមរម្យ គឺដំបូងចាប់ផ្តើមជាមួយបន្ទះតូចៗនៃក្រដាស ដែលអាចសរសេរពាក្យពី១៥ ទៅ២០ពាក្យ។ ប៉ុន្តែចំពោះពាក្យពិបាកៗខ្លាំងយើងគួរតែប្រើក្រដាសដែលសរសេរបានពាក្យតិចជាងនេះ។ បើអ្នកគិតថាអាចសរសេរច្រើនបាន ហើយអ្នកនៅតែអាចចងចាំបាន អ្នកក៏មិនគួរសរសេរពាក្យនៅលើក្រដាសឲ្យលើសពី៥០ ពាក្យដែរ ព្រោះថាវានឹងបង្កលក្ខណៈមិនងាយស្រួលដល់អ្នក។
ទី៣ ត្រូវឈប់បន្តិច ចាំមើលពាក្យម្តងទៀត គឺត្រូវធ្វើរបៀបនេះបន្ទាប់ពីអ្នកបានមើល ពាក្យណាមួយម្តងរួចមកហើយ ហើយត្រូវបន្តធ្វើបែបនេះនៅពេលមួយម៉ោងក្រោយមក មួយថ្ងៃក្រោយមក មួយសប្តាហ៍ក្រោយមក គឺត្រូវធ្វើបែបនេះតៗទៅ បើអាច នោះវានឹងនាំឲ្យអ្នកអាច ចងចំាពាក្យបានកាន់តែច្រើន។
ទី៤ ទន្ទេញពាក្យឲ្យលឺៗ ឬទន្ទេញក្នុងចិត្តរបស់អ្នក ការធ្វើបែបនេះគឺដើម្បីឲ្យប្រាកដថា ពាក្យថ្មីដែលអ្នករៀនអាចឈានចូលទៅដល់ ទីចងចាំរយៈពេលវែងនៅក្នុងខួរក្បាលរបស់ អ្នក។
ទី៥ បន្តរៀនពាក្យដោយ យកចិត្តទុកដាក់ ការធ្វើបែបនេះគឺសម្រាប់ពាក្យដែលពិបាកចងចាំ ហើយវិធីសាស្រ្តសម្រាប់យើងយកមកប្រើនោះគឺ យើងត្រូវហាត់ប្រើពាក្យនោះនៅប្រយោគ ឃ្លា ឬចាត់វាចូលក្នុងថ្នាក់ពាក្យ ជាដើម។ ការដែលអ្នកអាចធ្វើបាននោះអ្នកនឹងអាចចងចាំពាក្យបានកាន់តែល្អ។
ទី៦ ជៀសវាងការធ្វើឲ្យច្រឡំបល់ គឺត្រូវប្រាកដថា ពាក្យដែលមានការប្រកបប្រហាក់ប្រហែលគ្នា ឬក៏មានន័យស្រដៀងគ្នាត្រូវបានអ្នកដាក់ក្នុងក្រដាសតែមួយឲ្យសោះ ព្រោះវានឹងធ្វើឲ្យយើងច្រឡំ។
ទី៧ ជៀសវាងការរៀនពាក្យដាក់តាមលំដាប់ គឺការផ្លាស់ប្តូរលំដាប់នៃពាក្យដែលយើងរៀនជាកក្តាចាំបាច់។ ការធ្វើបែបនេះនឹងអាចជួយឲ្យអ្នកអាចគេចផុតពីការដែលអានពាក្យមួយចប់ ហើយនឹកដល់ន័យនៃពាក្យបន្ទាប់។
ទី៨ ប្រើសំនួនពាក្យបើចាំបាច់ ចំនុចនេះគឺចាំបាច់ ព្រោះអ្នកគួរសរសេរថ្នាក់ពាក្យនៅលើក្រដាសរបស់អ្នកដើម្បីអាចធ្វើឲ្យអ្នកចងចាំកាន់តែល្អ។ ជាទូទៅគេយកវិធីនេះទៅអនុវត្ត លើពួកពាក្យដែលជាកិរិយាសព្ទ។ ម៉្យាងវិញទៀតពាក្យខ្លះ បើរៀនដោយដាក់ចូលជាឃ្លា គឺអាចជួយឲ្យឆាប់ចេះចាំជាងផងដែរ។
ដូច្នេះយើងឃើញថា ការសិក្សាពាក្យឲ្យបានប្រាកដ គឺជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងកម្មវិធីរៀនពាក្យ។ ព្រោះថាវាអាចផ្តល់លទ្ធផលបានឆាប់រហ័ស ដែលជាកត្តាជួយឲ្យអ្នកសិក្សាអាចទទួលបាននូវការចងចាំពាក្យ ទាំងតាមរយៈ Output និង Input។
៥ ការសិក្សាពាក្យឲ្យបានច្បាស់លាស់តាមរយៈជំនាញទាំងបួន (ស្តាប់ អាន សរសេរ និងនិយាយ)
គេនិយាយថា ការចេះពាក្យគឺមានសារៈសំខាន់ ប៉ុន្តែការប្រើពាក្យទាំងនោះ គឺទាមទារឲ្យមានភាពច្បាស់។ ដូច្នេះការសិក្សានូវពាក្យដែលខ្លួនចេះឲ្យបានល្អគឺប្រសើរជាងការរៀនពាក្យពិបាក និងថ្មីដែលមិនធ្លាប់ជួបពីមុនមក។ ដូច្នេះការរៀនពាក្យមិនមែនផ្តោតតែលើការសិក្សាពាក្យឲ្យបានចំនួនច្រើននោះទេ ប៉ុន្តែដើម្បីប្រើភាសាបានល្អ យើងត្រូវចេះលើជំនាញទាំងបួន គឺ ស្តាប់ អាន និយាយ សរសេរ។ មានកត្តាពីរដែលអាចជួយឲ្យអ្នកសិក្សាឈានរក ការអភិវឌ្ឍការរៀនពាក្យរបស់ខ្លួនបានប្រសើរ។ ទីមួយ គឺត្រូវរៀនពីពាក្យសាមញ្ញឲ្យបានច្រើនសិន ដើម្បីចាប់បាននូវពាក្យមូលដ្ឋានខ្លះសម្រាប់ប្រើប្រាស់ ហើយដើម្បីទទួលបានមូលដ្ឋានពាក្យនេះ យើងត្រូវអនុវត្តពាក្យទាំងនោះឲ្យបានច្រើនដង ដើម្បីឲ្យយើងអាចប្រាកដថា ប្រើប្រាស់វា បានល្អ។ សកម្មភាពដែលយើងរៀនពាក្យមានដូចជា ការហាត់អានម្តងហើយម្តងទៀត ដែលគេហៅថាវិធីសាស្រ្ត ៤/៣/២ គឺមានន័យថា យើងត្រូវអាន ដំបូងប្រើពេលបួននាទី បន្ទាប់មក បីនាទី និងចុងក្រោយពីរនាទី ទៅដល់ដៃគូរបស់យើងបានស្តាប់។ ចំនុចទីពីរ ដើម្បីចេះពាក្យបានស្ទាត់អ្នកត្រូវធ្វើការសិក្សារំលឹកឱ្យបានច្រើនដងនូវពាក្យដែលអ្នកចេះ ប្រសើរជាងពាក្យដែលខ្លួនមិនចេះ ប៉ុន្តែទោះជាយ៉ាងនេះក្តីក៏អ្នកសិក្សាត្រូវចំនាយពេលច្រើនបន្តិចដើម្បីអាននូវពាក្យថ្មីដែលខ្លួនរៀន សម្រាប់គ្រប់គ្រងការចងចាំ។
៦ តើមានវិធីអ្វីទៀតដែលមានប្រយោជន៍ដល់ការរៀនពាក្យ?
យើងនៅមានវិធីសាស្រ្តមួយចំនួនទៀត ដែលជាជំនួយក្នុងការស្វែងយល់ពីអត្ថន័យនៃពាក្យដែលយើងមិនចេះ ហើយធ្វើឲ្យអាចចងចាំបានយូរ។ វិធីសាស្រ្តទាំងនោះ រួមមាន ៖
ការស្មានន័យនៃពាក្យតាមរបស់បរិបទនៃអត្ថបទ ដែលយើងកំពុងអាន(Guessing word from the context clues) សិក្សាដោយប្រើប្រដាសដែលមានពាក្យដែលយើងរៀននៅក្នុងនោះ (deliberately study words from the word card) សិក្សាពាក្យតាមរយៈការចែកពាក្យចេញជាក្រុម ឬប្រភេទ (Using word parts) (ឧទាហរណ៍ ពាក្យទាក់ទងនឹងផ្ទះបាយ បច្ចេកទេស ប្ហូបអាហារ...) និងចុងក្រោយគឺការប្រើប្រាស់វចនានុក្រម។
ចូរយើងតាមដានពីរបៀបនៃការសិក្សាពាក្យតាមវិធីសាស្រ្តទាំងបួនដូចខាងក្រោម៖
- វិធីសាស្រ្តទី១ ការស្មានន័យនៃពាក្យតាមរបស់បរិបទនៃអត្ថបទ ដែលយើងកំពុងអាន។ វិធីសាស្រ្តនេះ គឺមានសារសំខាន់ណាស់ ហើយថែមទាំងមានសារៈសំខាន់ចំពោះអ្នកសិក្សាភាសាណាមួយ ដែលមានបំណងចង់ចេះចាំនូវវាក្យសព្ទនៃភាសានោះ។ ដើម្បីប្រើប្រាស់វិធីសាស្រ្តនេះឱ្យបានជោគជ័យល្អ អ្នកសិក្សាត្រូវទាមទារឲ្យ យល់ន័យនៃពាក្យនៅក្នុងអត្ថបទពី ៩៥ ទៅ ៩៨ ភាគរយ។ ម៉្យាងវិញទៀតដើម្បី អាចងាយក្នុងការទាយអត្ថន័យនៃពាក្យដែលយើងមិនទាន់ចេះនៅក្នុងអត្ថបទ យើងត្រូវមានចំណេះទូទៅខ្ពស់ទាក់ទងនឹងប្រធានបទនៃអត្ថបទរបស់យើង។ តាមរយៈការប៉ានប្រមាណរបស់អ្នកស្រាវជ្រាវមួយក្រុមបានសន្និដ្ឋានថា ការប្រើប្រាស់វិធីសាស្រ្តនេះ គឺជួយឲ្យអ្នកសិក្សាអាចយល់និងចាប់បាននូវខ្លឹមសាររបស់អត្ថបទខ្ពស់ បន្ទាប់ពីការអានអត្ថបទចប់ (Nagy, Herman and Anderson, 1985)។ លើសពីនេះទៅទៀត ការស្មានន័យនៃពាក្យតាមបរិបទនៃអត្ថបទ ដែលយើងកំពុងអាន អាចបានផលល្អទៅបានក៏អាស្រ័យទៅលើគុណភាពនៃការអាននិងការស្តាប់ផងដែរ។ ប៉ុន្តែទោះបីជាការធ្វើតាមវិធីសាស្រ្តនេះអាចទទួលផលក៏ពិតមែន តែអ្នកក៏ត្រូវឆ្លងកាត់ការហ្វឹកហាត់ពីជំនាញនេះផងដែរ។
- វិធីសាស្រ្តទី២ សិក្សាដោយប្រើប្រដាសដែលមានពាក្យដែលយើងរៀននៅក្នុងនោះ (deliberatelystudy words from the word card) ការប្រើវិធីសាស្រ្តនេះ គឺគេជ្រើសតែពាក្យណាដែរជាគន្លឹះនៃក្នុងអត្ថបទឬជាពាក្យដែលយើងត្រូវការប្រើប្រាស់ ក្នុងការងាររបស់យើងតែប៉ុណ្ណោះ (Nation, 2001)។ ដើម្បីធ្វើបានអ្នកគ្រាន់តែ យកក្រដាសមកកាត់ជាដុំតូចៗល្មម រួចសរសេរពាក្យដែលជាគន្លឹះ ដែលអ្នកចង់ចេះ ហើយយកមកអាន ឬក៏បង្ហាញដល់អ្នកសិក្សា បើអ្នកជាគ្រូបង្រៀន។ ការធ្វើបែបនេះគឺអាចជួយឲ្យអ្នកមានការចង់ចាំបានយូរ ហើយចំពោះពាក្យណាដែលមានលក្ខណៈប្រហែលគ្នាក៏អ្នកអាចងាយយល់វាផងដែរ។
- វិធីសាស្រ្តទី៣ ប្រើប្រាស់វចនានុក្រម ការប្រើប្រាស់វចនានុក្រមសម្រាប់សិក្សាទៅលើពាក្យនៅក្នុងភាសាណាមួយគឺបានក្លាយជាការពេញនិយមនិងជាជម្រើសមួយដ៏ល្អប្រសើរសម្រាប់អ្នកសិក្សាយកមកប្រើប្រាស់ ដើម្បីឈ្វេងយល់ពីពាក្យណាមួយថ្មីដែលគេមិនទាន់បានយល់ពីអត្ថន័យនិងរបៀបប្រើប្រាស់។ ទោះជាយ៉ាងនេះក្តីក៏យើងនៅបានឃើញពីប្រភេទជាច្រើននៃវចនានុក្រមដែលត្រូវបានអ្នកសិក្សាយកមកប្រើប្រាស់ក្នុងការស្វែងរកពាក្យណាមួយរបស់គេ។ ក្នុងចំណោមវចនានុក្រមទាំងនោះមានដូចជាវចនានុក្រមដែលមានមួយភាសា (Monolingual Dictionary) គឺមានន័យថាទាំងពាក្យនិងការពន្យល់គឺធ្វើក្នុងភាសាបរទេសណាមួយតែម្តង ហើយវាក៏ជាវចនានុក្រមមួយអាចជួយដល់អ្នកសិក្សាឲ្យមានឱកាសបានយល់នូវអត្ថន័យពាក្យជាការពន្យល់ក្នុងភាសាដើមតែម្តង។ ប្រភេទមួយទៀតគឺ (Bilingual Dictionary) វចនានុក្រមដែលមានពន្យល់អត្ថន័យ និងមានដាក់ពាក្យផ្ទុយ សម្រាប់មើលបន្ថែម។ រីឯមួយប្រភេទទៀតគឺ (Bilingualized) គឺជាប្រភេទវចនានុ ក្រមដែលមានការពន្យល់ជាភាសានៃភាសានោះ និងមានបកប្រែជាភាសារបស់អ្នកសិក្សា។ បើយោងតាមការស្រាវជ្រាវខ្លះ បានលើកឡើងថា ការប្រើវចនានុក្រមប្រភេទ Bilingual ត្រូវបានអ្នកប្រើប្រាស់ពេញនិយមជាង ឯប្រភេទផ្សេងទៀតគ្រាន់តែប្រើខ្លះៗប៉ុណ្ណោះ ( Laufer and Hadar, 1997; Lauffer and Kimmel, 1997)។ បើនិយាយក្នុងក្របខណ្ឌប្រទេសកម្ពុជា រហូតមកដល់ពេលនេះ នៅមានអ្នកសិក្សាជាច្រើនហាក់មិនទាន់សូវបានយល់ពីរបៀបនៃការប្រើប្រាស់វចនានុក្រមនេះនៅឡើយទេ មិនត្រឹមតែប៉ុននេះ មានអ្នកសិក្សាខ្លះមិនទាំងមានវចនានុក្រមនៃភាសាដែលខ្លួនកំពុងរៀនផង។ ស្ថានភាពនេះបានកើតមានឡើងនៅក្នុងប្រទេស កម្ពុជាខណៈដែលនៅប្រទេសផ្សេងៗមួយចំនួនធំ អ្នកសិក្សាត្រូវបានគេធ្វើការបណ្តុះបណ្តាលពីរបៀបប្រើប្រាស់វចនានុក្រមបានយ៉ាងល្អ។ ត្រលប់មកវិញជុំវិញការប្រើប្រាស់វចនានុក្រមនេះ គេបាននិយាយថា វាបានផ្តល់ប្រយោជន៍ជាច្រើន ទាំងនៅក្នុងការស្តាប់ អាន សរសេរ និងនិយាយ របស់អ្នកសិក្សាភាសា។ តែទោះជាយ៉ាងណាក្តី នៅពេលដែលយើងមានវចនានុក្រមហើយ យើងក៏គួរមាននូវ ហាយឡាយធើរ សម្រាប់គូរលើពាក្យដែលយើងបានបើករក ព្រោះវានឹងផ្តល់ភាពងាយស្រួលដល់យើង នៅពេលដែលចង់រំលឹកដល់ពាក្យដែលយើងបានហាឡាយ នោះ។
- វិធីសាស្រ្តទី៤ សិក្សាពាក្យតាមរយៈការចែកពាក្យចេញជាក្រុមឬប្រភេទ(Using word parts)។ វិធីនេះក៏ផ្តល់ភាពល្អប្រសើរក្នុងការចង់ចាំពាក្យដែរ ប៉ុន្តែគ្រាន់តែ អ្នកសិក្សាអាចចាំបានលុះណាតែ វានៅក្នុងចង្កោមពាក្យជាមួយគ្នា ឧទាហរណ៍ ពាក្យដែលរៀបរាប់ពីផ្លែឈើ រៀបរាប់ពីប្រភេទរថយន្ត រៀបរាប់ពីសំលៀកបំពាក់ រៀបរាប់ពីឧបករណ៍អេឡិត្រូនិចជាដើម។ ការធ្វើបែបនេះអ្នកសិក្សានឹងអាចងាយចាប់បាននូវន័យពាក្យដែលមាននៅក្នុងបរិបទតែមួយដូចគ្នា។
តាមរយៈបទពិសោធសិក្សាភាសាបរទេសកន្លងមក ការសិក្សាឲ្យអាចចង់ចាំពាក្យបានច្រើន គឺនៅមានមួយចំនួនទៀត ដូចជាការលេងល្បែងសរសេរប្រដេញពាក្យជាមួយមិត្តភក្តិ គឺយើងត្រូវសរសេរពាក្យនៅលើក្រដាសសមួយ ហើយយើងត្រូវសរសេរពាក្យណាមួយសិន រួចដៃគូបម្ខាងទៀតត្រូវរើសពាក្យណាដែលផ្តើមពីអក្សរ ដែលនៅខាងចុងនៃពាក្យរបស់យើង។ ឧទាហរណ៍ យើងសរសេរពាក្យភាសាអង់គ្លេងថា Boy នោះមិត្តរបស់យើង ត្រូវសរសេរពាក្យដែលចាប់ផ្តើមពីអក្សរ Y (Yellow) ក្នុងដំណើរការនៃល្បែងនេះគឺយើងត្រូវសរសេរពាក្យរហូតទាល់តែយើង ឬដៃគូរបស់យើងមិនអាចរកពាក្យណាមកសរសេរបានទៀត នៅពេលនោះអ្នក ដែលរកពាក្យមិនបានមកសរសេរគឺមានន័យថា គេនោះជាអ្នកចាញ់ ហើយការធ្វើបែបនេះបាន ធ្វើឲ្យកម្រិតនៃការចេះមានការកើនឡើងខ្ពស់សម្រាប់អ្នកសិក្សាភាសាអង់គ្លេស។
៦ តើយើងត្រូវចេះពាក្យប៉ុន្មាន ទើបអាចប្រើប្រាស់ភាសាមួយបានល្អ?
ក្នុងចំនុចនេះ បើនិយាយពីភាសាដែលមានពាក្យរាប់ម៉ឺនឡើងទៅ គឺអ្នកសិក្សាចាំបាច់ត្រូវចេះពាក្យយ៉ាងតិចឲ្យបានមួយម៉ឺនឬលើសពីនេះដែរ ទើបអាចប្រើប្រាស់ភាសានោះបានក្នុងកម្រិតមួយគ្រាន់បើ។ ប៉ុន្តែចំពោះភាសាណាដែលមានពាក្យតិច នោះអ្នកសិក្សាអាចចេះពាក្យប្រហែលជាបួនទៅប្រាំពាន់ពាក្យទៅ នោះគេពិតជាអាចប្រើភាសានេះបានក្នុងកម្រិតមួយមធ្យមមិនខាន។ ឧទាហរណ៍ភាសាខ្មែរដែលមានប្រមាណតែ មួយម៉ឺនពាក្យ ហើយពាក្យដែលគេប្រើក្នុងជីវភាពប្រចាំថ្ងៃគឺមានប្រហែលតែប្រាំពីរពាន់ទៅប្រាំបីពាន់ប៉ុណ្ណោះ ដូចនេះអ្នកសិក្សាអាចងាយនឹងយកពាក្យដែលខ្លួនចេះក្នុងចំនួនបួនពាន់នេះទៅប្រើប្រាស់ក្នុងការទាក់ទងគ្នាក្នុងសង្គមកម្ពុជាបាន។
តាមរយៈការពន្យល់និងរាប់រៀបពីខាងដើមមកនេះ យើងឃើញថា គឺមិនមានមូលដ្ឋានច្បាស់ណាមួយអាចអះអាងពីរបៀបនៃការរៀនពាក្យឲ្យចេះចាំ ដោយគ្មានការចូលផ្សំពីវិធីសាស្រ្តផ្សេងៗនោះទេ ហើយក៏មិនទាន់មានអ្នកស្រាវជ្រាវណាអាចសន្មតពីចំនួននៃពាក្យ ដែលគួរចេះក្នុងភាសាណាមួយដើម្បីអាចប្រើបាននោះទេ ដូច្នេះអ្នកសិក្សាគួរតែព្យាយាមសិក្សាឲ្យបានច្រើនតាមតែអាចធ្វើទៅបាន បើអ្នកពិតជាចង់ប្រើប្រាស់ភាសាណាមួយមែន។
ឯកសារយោង
Laufer and Hadar, 1997; Lauffer and Kimmel (1997). A framework for development EFL reading vocabulary.
Nagy, Herman and Anderson, (1985) Learning word from context. Reading Research Quarterly 20: 233-253.
Hu and Nation, (2000) Vocabulary density and reading comprehension. Reading in a foreign language 13, 1: 403-430.
Watanabe, (1997) Input, intake and retention: effects of increased processing on incidental learning of foreign vocabulary . Study in second Language acquisition 19: 287-307
Elley,(1989) Vocabulary Acquisition from listing to stories. Reading Research Quarterly 24: 174-187.
Newton,(1995) Task-based interaction and incidental vocabulary learning: a case study. Second language research 11: 159-177.
Schmidt,(1995) Attention and awareness in Foreign Language Learning. University of Hwaii: Second Language Teaching and curriculum Centre.
Nation,(2001) Learning Vucabulary in another Language. Cambridge: Cambridge University Press.
Baddeley,(1990) Human Memory. London: Lawrence Erlbaum Association.
www.lingualift.com
No comments:
Post a Comment