មានឪពុកជាមន្រ្តីបម្រើការក្នុងអង្គការក្រៅរាជរដ្ឋាភិបាលមួយ និងម្តាយស្រ្តីមេផ្ទះធម្មតា យុវតី ហេង សុរីតា វ័យ ១៧ ឆ្នាំ បានធ្វើឲ្យមាតាបិតា លោកគ្រូអ្នកគ្រូ និងមិត្តភក្តិរបស់ខ្លួនមានមោទនភាពដោយសារកញ្ញាបានធ្វើតេស្តប្រឡង IELTS ទទួលបានពិន្ទុ ៨,៥ លើ ៩ ដែលជាកម្រិតពិន្ទុខ្ពស់ កម្រមានអ្នកទទួលបាន។
ពិន្ទុសរុបដែល កញ្ញា ហេង សុរីតា ទទួលបានគឺ ៨,៥ ដោយនាងទទួលបានពិន្ទុ ៩ សម្រាប់លំហាត់អំណាន (Reading) ៨,៥ សម្រាប់លំហាត់ស្តាប់ (Listening) ៨,៥ សម្រាប់លំហាត់និយាយ (Speaking) និង ៨ សម្រាប់លំហាត់សរសេរ (Writing) ។
វាមិនមែនជារឿងងាយទេដែលយុវនិស្សិតរូបនេះ អាចទទួលបានពិន្ទុខ្ពស់បែបនេះ។ សម្រាប់សុរីតា ដើម្បីបានពិន្ទុនេះនាងខិតខំប្រឹងប្រែងសិក្សាពិសេសគឺនាងមានទម្លាប់ការអានសៀវភៅតាំងតែពីតូច។
សុរីតា បានរំព្ញកថា រូបគេ បានសិក្សាភាសាអង់គ្លេសនៅអាយុ ៩ ឆ្នាំ ដោយបានសិក្សានៅសាលា Home of English ប្រមាណជា ៧ ទៅ ៨ ឆ្នាំ។ ភាគច្រើននាងតែងតែធ្វើការសន្ទនាជាមួយនឹងគ្រូជនជាតិបរទេស។ ជាទូទៅ នៅពេលទំនេរដើម្បីបង្កើននូវចំណេះដឹង នាងតែងតែស្តាប់បទចម្រៀង និងមើលភាពយន្តជាភាសាអង់គ្លេស និងអានសៀវភៅរឿងផ្សេងៗជាដើម។
ហេង សុរីតា ដែលបច្ចុប្បន្នជានិស្សិតឆ្នាំទីមួយនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបរាប់ថា នេះជាលើកទីមួយដែលនាងបានប្រឡងតេស្តសមត្ថភាពភាសាអង់គ្លេស បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់ EAP8 ពី Australian Centre For Education។
រីតា បានចែករំលែកនូវគន្លឹះមួយចំនួនដើម្បីទទួលបានពិន្ទុ IELTS ខ្ពស់ដូចតទៅ៖
អំណាន(Reading)៖ មុនពេលប្រឡងត្រូវដកដង្ហើមឲ្យបានវែងៗ ត្រូវចេះជ្រើសរើស Passage នៅក្នុងការអាន ដូចជាមើលថា តើអត្ថបទប្រភេទណាដែលខ្លួនចូលចិត្ត និងមានចំណេះដឹងពាក់ព័ន្ធជាមួយ។ បន្ថែមលើនេះគឺ ត្រូវជ្រើស Passage ដែលងាយស្រួលមុន ដោយមិនចាំបាច់ធ្វើតាមលំដាប់លំដោយឡើយ។ ចំណុចទីពីរ គឺត្រូវដឹងពាក្យ Synonyms ឲ្យបានច្រើន ព្រោះថា ពេលខ្លះ គេមិនបានដាក់ពាក្យឲ្យចំៗនោះឡើយ។
ការនិយាយ (Speaking)៖ ត្រូវពង្រីកគំនិត និងសរសេរគំនិតគោលៗ និងពាក្យគន្លឹះដែលត្រូវប្រើដើម្បីកុំឲ្យភ្លេចនៅពេលនិយាយ។ ទី ពីរ គឺពេលនិយាយត្រូវធ្វើយ៉ាងណា កុំឲ្យចប់នៅមុនគេបញ្ឈប់ បើពុំនោះទេ នឹងត្រូវគេកាត់ពិន្ទុ។ ជាពិសេស ត្រូវធ្វើការបញ្ចេញសំឡេងនូវពាក្យដែលខ្លួនចង់និយាយឲ្យបានច្បាស់ ដូចជា ខ្យល់ (S) ជាដើម។ ជាចំណុចរួមដដែលៗ គឺអានសៀវភៅឲ្យបានច្រើន ដើម្បីធ្វើឲ្យការគិតកាន់តែទូលំទូលាយ។
ការសរសេរ (Writing)៖ សំខាន់ត្រូវមានចំណេះដឹងទូទៅឲ្យច្រើន តាមរយៈការអានសៀវភៅ ឬ ប្រលោមលោក កាសែត ឬតាមព័ត៌មានឲ្យបានច្រើន ព្រោះការអានទាំងនោះនឹងធ្វើឲ្យចេះវិធីសាស្រ្តនៅក្នុងការប្រើប្រាស់សរសេរ ទន្ទឹមនឹងនោះ គឺវិធីនៅក្នុងប្រើប្រាស់ពាក្យពេចន៍ដែលមានលក្ខណៈជា Academic style។ ទីពីរ គឺការគ្រប់គ្រងពេលវេលា ឲ្យបានត្រឹមត្រូវ។
ការស្តាប់ (Listening)៖ ត្រូវឧស្សាហ៍ហាត់និយាយភាសាអង់គ្លេសជាមួយមិត្តភកិ្ត ទាំងនៅក្នុង និងក្រៅសាលា។ ត្រូវឧស្សាហ៍ស្តាប់បទចម្រៀង និងបែបបទនៃការនិយាយរបស់ជនជាតិបរទេសផ្សេងៗ ព្រោះនៅក្នុងវិញ្ញាសាប្រឡងមានសំឡេងនៃជាតិសាសន៍ដទៃទៀត ដូចជា ជនជាតិកាណា អូស្រ្តាលី អាមេរិក ជាដើម។ នោះវានឹងជួយឲ្យស៊ាំនឹងការបញ្ចេញសំឡេងរបស់ជនជាតិទាំងនោះ។ ចំណុចសំខាន់ទីពីរ គឺការគូសបន្ទាត់ពីក្រោមនូវពាក្យគន្លឹះនៅក្នុងលំហាត់ទាំងអស់ នោះនៅពេលប្រឡងនឹងចាប់នូវចម្លើយងាយស្រួល។ ទីបី នៅពេលប្រឡងស្តាប់ ហើយស្តាប់មិនទាន់នូវចំណុចណាមួយ គឺត្រូវរំលងចោល មិនត្រូវផ្តោតលើវាទៀតទេ ហើយបែរមើលនូវសំណួរថ្មី។ ចំណុចទីបី គឺការវិភាគទៅលើក្បួនវេយ្យាករណ៍ ត្រូវវិភាគមើលថា តើប្រយោគ ឬឃ្លានោះ ត្រូវប្រើប្រាស់កាលប្រភេទណា?
សម្រាប់រីតា មូលហេតុចម្បងដែលធ្វើឲ្យនាងទទួលបានពិន្ទុខ្ពស់គឺដោយសារតែនាងចូលចិត្តអានសៀវភៅ និងកាសែត។ កញ្ញាបានបញ្ជាក់ថា៖ «ជាទូទៅក្នុងមួយថ្ងៃ បើខ្ញុំទំនេរខ្ញុំអាន ២ ទៅ ៣ ម៉ោង ហើយបើរវល់គឺ ៣០ នាទី ហើយទម្លាប់នៃការអានសៀវភៅយូរៗទៅ គឺនឹងធ្វើជក់ចិត្ត និងមានចំណេះដឹងកាន់តែច្រើន ម្យ៉ាងវានឹងជួយឲ្យការប្រឡងតេស្តសមត្ថភាពនានាទទួលបានពិន្ទុខ្ពស់»។
ជាចុងក្រោយ យុវតី សុរីតា បានលើកឡើងថា ការអានអាចប្រព្រឹតទៅនៅគ្រប់ទីកន្លែង ដូច្នេះ សម្រាប់អ្នកដែលមានបំណងប្រឡងតេស្តសមត្ថភាព IELTS គួរតែត្រៀមលក្ខណៈ ហាត់ធ្វើលំហាត់ឲ្យបានច្រើនសម្រាប់ជំនាញទាំងបួន ស្វែងរកគន្លឹះនៃការប្រឡងតាមអ៊ីនធឺណិត និង អានសៀវភៅឲ្យបានច្រើន៕
ដកស្រង់ដោយ៖ លោក ប៊ុត ហេង
ប្រភព៖thebnews

No comments:
Post a Comment